ប្រភពនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃ
ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 07/07/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 07/07/2009 14:07 ម៉ោងសកល
ផែនទីប្រទេសកម្ពុជាគូសដោយភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកក្នុងឆ្នាំ១៩៩៧
(រូបថត៖ Wikipedia)
ថ្ងៃទី១៥កក្កដាឆ្នាំ២០០៨កងទ័ពថៃបានចូលកាន់កាប់ទឹកដីខ្មែរម្តុំតំបន់ក្បែរប្រាសាទព្រះវិហារហើយក្រាញនៅទីនោះរហូតមកទល់សព្វថ្ងៃ។ព្រឹត្តិការណ៍នេះបំផុសឡើងនូវជម្លោះទឹកដីនិងព្រំដែនដែលមានជាយូរលង់មកហើយរវាងប្រទេសទាំងពីរ។ព្រឹត្តិការណ៍ដ៏ហ្មងសៅនេះ វាកើតចេញជាពិសេសពីខាងភាគីថៃដែលនៅតែមិនអស់អាល័យនឹងទឹកដីខ្មែរនៅប៉ែកខាងជើង ដូចជាបាត់ដំបងនិងសៀមរាបដែលខ្លួនធ្លាប់បាន កាន់កាប់មុនសម័យអាណានិគមបារាំង។
បទវិភាគរបស់ តាន់ ហ្សង់-ហ្វ្រង់ស័រ
07/07/2009
បន្ទាត់ព្រំដែនបច្ចុប្បន្នដែលខណ្ឌចែកកម្ពុជានិងថៃជាមរតកដែលបន្សល់ទុកពីសម័យអាណានិគមបារាំង។ ក៏ប៉ុន្តែជម្លោះដែនដីរវាងប្រទេសទាំងពីរដែលបន្តមានមកទល់សព្វថ្ងៃជាអធិករណ៍យូរលង់ដែលបានចាក់ឫសតាំងពីសម័យមុនបារាំងមកកាន់កាប់កម្ពុជាទៅទៀត។
ជនជាតិសៀម ដែលចុះមកពីប៉ែកខាងត្បូងនៃប្រទេសចិន បានមករស់នៅលើដែនដីនៃអាណាចក្រខ្មែរ ម្តុំប៉ែកខាងជើងនៃជួរភ្នំដងរែកនៅចុងសតវត្សរ៍ទី៩។បន្តិចម្តងៗ ពូជសាសន៍នេះ ដែលបានបង្កើតរាជាណាចក្រមួយឡើងចូលប្លន់អង្គរម្តងជាពីរដង វាយយកទឹកដីខ្មែរដោយលេបយកទាំងមូលតែម្តងបណ្តាខេត្តជាច្រើន។ កុំតែបានបារាំងដែលបានដាក់រាជាណាចក្រខ្មែរក្រោមអាណាព្យាបាលរបស់ខ្លួននៅឆ្នាំ១៨៦៣ម្ល៉េះសម បណ្តាខេត្តខ្មែរមួយចំនួន ដូចយ៉ាងសៀមរាប និងបាត់ដំបងជាដើមច្បាស់ជាត្រូវបន្តឋិតនៅក្រោមការកាន់កាប់របស់សៀមតរហូតមកដល់សព្វថ្ងៃមិនខានឡើយ។
បារាំងបានប្រើពេលជាង៤០ឆ្នាំ ដើម្បីចរចាជាមួយសៀម គាបសង្កត់សៀមនិងយកពី សៀមមកវិញទឹកដីខ្មែរមួយចំនួន។ ឧទាហរណ៍ជាក់ស្តែងតាមរយៈសន្ធិសញ្ញាឆ្នាំ១៨៩៣ សៀមបានប្រគល់ខេត្តស្ទឹងត្រែង ហើយក្រោយមកទៀតផ្អែកទៅលើអនុសញ្ញាឆ្នាំ១៩០៤ ខេត្តម្លូព្រៃ និងទន្លេរពៅមកឲ្យអាជ្ញាធរបារាំងដែលជាអ្នកត្រួតត្រារាជាណាចក្រខ្មែរ។ មិនតែប៉ុណ្ណោះតាមរយៈអនុសញ្ញាឆ្នាំ១៩០៤ បារាំងនិងសៀមថែមទាំងបានគ្រោងថានឹងគូសឲ្យបានច្បាស់និងជាស្ថាពរបន្ទាត់ព្រំដែនរវាងកម្ពុជានិងសៀម។ បីឆ្នាំក្រោយមកទៀតសន្ធិសញ្ញាឆ្នាំ១៩០៧បានតម្រូវឲ្យសៀមប្រគល់មកវិញ ដែនដីនៃខេត្តបាត់ដំបងសៀមរាប និងសេរីសោភ័ណ។ ជាថ្នូរវិញបារាំងប្រគល់ទៅឲ្យសៀមដែនដីដែលកងទ័ពជើងទឹកបារាំងវាយយកនៅខែកក្កដាឆ្នាំ១៨៩៣ នោះគឺ Trat Chantaboun និងDan Sai។ពីឆ្នាំ១៩០៧ដល់ឆ្នាំ១៩០៩ ភាគីបារាំងនិងភាគីសៀមបានគូសបន្ទាត់ព្រំដែនមួយឡើង ហើយពីឆ្នាំ១៩១៨ ដល់ឆ្នាំ១៩១៩បង្គោលជាច្រើនសិបដើម ថែមទាំងត្រូវបានដាំទៀតផងនៅលើព្រំដែនប្រវែង៨០០គ.ម ដែលខណ្ឌចែកទឹកដីខ្មែរ និងទឹកដីសៀម។
យ៉ាងណាមិញនៅក្នុងអតីតកាលក៏ដូចបច្ចុប្បន្នកាល រាជបល្ល័ង្ក កងទ័ពនិងអ្នកនយោបាយសៀម មិនដែលពេញចិត្តនឹងបន្ទាត់ព្រំដែននេះឡើយហើយនៅតែមិនអស់អាល័យនឹង បណ្តាខេត្តខ្មែរ ដែលខ្លួនធ្លាប់បានកាន់កាប់ជាពិសេសទឹកដីអង្គរដែលសម្បូណ៌ទៅដោយប្រាង្គបា្រសាទ។ ម៉្លោះហើយឲ្យតែមានឱកាស សៀមដែលដូរឈ្មោះជាថៃនៅឆ្នាំ១៩៣៩ តែងតែរករឿងសើរើឡើងវិញជានិច្ច សន្ធិសញ្ញាព្រំដែនដែលសល់មកពីអតីតកាល។ នៅក្នុងន័យនេះនៅឆ្នាំ១៩៤០ ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ថៃដែលចូលដៃជាមួយជប៉ុនបានឆក់យកខេត្តបាត់ដំបង និងសៀមរាបទៅវិញ។គេត្រូវរង់ចាំរហូតដល់ចប់សង្គ្រាមលោកលើកទីពីរពេលបារាំងមានឥទ្ធិពលឡើងវិញនៅឥណ្ឌូចិន ទើបឃើញថៃដែលត្រូវបានសហគមន៍អន្តរជាតិគាបសង្កត់ យល់ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបមកឲ្យកម្ពុជាវិញ។
ក្រោយមក នៅឆ្នាំ១៩៥៣ គ្រាន់តែកម្ពុជាបានទទួលឯករាជ្យពីបារាំងភ្លាមថៃចូលមក រករឿងភ្លែតជាថ្មីម្តងទៀតដោយបានបញ្ជូនទ័ពមកកាន់កាប់ប្រាសាទព្រះវិហារ។ សម្តេចឪនរោត្តម សីហនុបានចំណាយពេល៩ឆ្នាំ មុននឹងទាមទារប្រាសាទព្រះវិហារបានមកវិញនៅខែកក្កដាឆ្នាំ១៩៦២ ក្រោយពីតុលាការអន្តរជាតិទីក្រុងLa Hay បានចេញសាលក្រមមួយ ទទួលស្គាល់ថាប្រាសាទនេះជាកម្មសិទ្ធិរបស់ខ្មែរឋិតនៅលើទឹកដីខ្មែរ និងតម្រូវឲ្យថៃ ដកទ័ពចេញពីទីនោះ។
រហូតមកទល់ឆ្នាំមុន២០០៨ គេនឹកស្មានថាទីក្រុងបាងកក នៅទីបំផុតសុខចិត្តទទួលស្គាល់ហើយបន្ទាត់ព្រំដែន ពីព្រោះនៅឆ្នាំ២០០០ថៃនិងកម្ពុជាបានទាំងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាមួយដើម្បីគ្រោងដាំបង្គោលលើព្រំដែននៃប្រទេសទាំងពីរ ដោយយកសន្ធិសញ្ញានិងអនុសញ្ញាដែលមានសល់ពីអតីតកាលមកធ្វើជាមូលដ្ឋាន។ តាមការពិតថៃអត់ដូរចិត្តគំនិតសោះ នៅតែមានពុតដដែល ដោយហេតុថា នៅថ្ងៃទី១៥ កក្កដា២០០៨ កងទ័ពថៃបានចូលកាន់កាប់តំបន់ក្បែរបា្រសាទព្រះវិហារមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពីអង្គការUNESCO បានចុះប្រាសាទនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។វត្តមានរបស់កងទ័ពថៃនៅទីនោះបាននិងកំពុងបន្តបង្កជម្លោះមួយសែនស្មុគស្មាញដែលអាចនាំទៅរកសង្គ្រាមរវាងប្រទេសជិតខាងទាំងពីរគ្រប់ពេលវេលា។ពីព្រោះជួនចំពេលមួយដែលប្រទេសថៃកំពុងប្រទះនឹងវិបត្តិផ្ទៃក្នុងមួយធ្ងន់ធ្ងររាជបល្ល័ង្ក ថ្នាក់ដឹកនាំ និងកងទ័ពថៃអាចនឹងចង់រកលេសបំផុសបំផុលមនោសញ្ចេតនាជាតិនិយមដើម្បីផ្សះផ្សាប្រជាជាតិដែលកំពុងបែកបាក់។
ក្រៅពីនេះក៏មានដែរជម្លោះព្រំដែនសមុទ្រដែលប្រទេសជិតខាងទាំងពីរមិនទាន់ដោះស្រាយរួចនៅឡើយ។ នៅឆ្នាំ១៩៧២ តាមរយៈក្រិត្យមួយ របបសាធារណរដ្ឋខ្មែររបស់លន់ នល់ បានគូសបន្ទាត់ព្រំដែនសមុទ្ររបស់កម្ពុជា ដោយសំអាងទៅលើសន្ធិសញ្ញាឆ្នាំ១៩០៧។ ក៏ប៉ុន្តែថៃមិនព្រមទទួលស្គាល់ហើយបានគូសបន្ទាត់ព្រំដែនសមុទ្រនៃប្រទេសគេមួយដែរដោយបានខិតចូលមកហួសក្នុងផ្ទៃសមុទ្ររបស់ខ្មែរ។ អ៊ីចឹងហើយបានជាមានមកទល់សព្វថ្ងៃ តំបន់ត្រួតគ្នាមួយនៅលើព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ។បាតសមុទ្រនៃតំបន់ត្រួតគ្នានេះដែលច្បាប់អន្តរជាតិហៅថាតំបន់វិវាទអាចមានផ្ទុកប្រេងកាតទៀតផង៕
07/07/2009 14:00 ម៉ោងសកល
សារព័ត៌មានបារាំង
ថ្ងៃអង្គារ ទី ០៧ កក្កដា២០០៩
07/07/2009 13:59 ម៉ោងសកល
http://www.rfi.fr/actukm/articles/115/article_2388.asp